សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា និងនិយ័តករធានារ៉ាប់រងកម្ពុជា បរិច្ចាគសម្ភារកីឡាបាល់ទាត់ដល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដើម្បីជួយជំរុញដល់និស្សិតទៅរកការរស់នៅយ៉ាងសកម្ម និងសុខភាពកាន់តែប្រសើរ

17/03/2023 dot អាន 4 នាទី

ភ្នំពេញ ថ្ងៃទី 17 ខែមីនា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានរួមគ្នាឧបត្ថម្ភសម្ភារកីឡាបាល់ទាត់ដល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីផ្ដល់ឱកាសដល់និស្សិត្សក្នុងការបង្កើនភាពរីករាយបន្ថែមទៀត ក៏ដូចជាទទួលបានអត្ថប្រយោជន៍ផ្សេងៗពីការលេងកីឡាបាល់ទាត់។ 

ការចូលរួមចំណែកនេះ ឆ្លុះបញ្ចាំងពីការតាំងចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា ដែលចង់ឃើញប្រជាជនកម្ពុជារស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។ លើសពីនេះ សកម្មភាពនេះគឺជួយពង្រឹងជំហររបស់ អេ អាយ អេ ខេមបូឌា  ក្នុងនាមជាអ្នកគាំទ្រយ៉ាងពេញទំហឹងលើវិស័យកីឡាបាល់ទាត់ និងកីឡាផ្សេងទៀត ហើយក៏៍ជាស្ថាប័នមួយដែលតែងតែជំរុញឱ្យមានការរស់នៅយ៉ាងសកម្ម សម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យ ដើម្បីលើកកម្ពស់សុខុមាលភាពទូទៅ។

ការសហការគ្នានេះក៏បានផ្ដល់ឱកាសឱ្យ អេ អាយ អេ ខេមបូឌា  បានទៅដល់តំបន់ផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការឧបត្ថម្ភសម្ភារកីឡាបាល់ទាត់ដល់និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ថ្ងៃនេះក៏ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនធានារ៉ាប់រងនេះក្នុងការផ្គត់ផ្គង់សម្ភារកីឡាដល់យុវជនទូទាំងប្រទេសដើម្បីពួកគេចូលរួមលេងកីឡាបាល់ទាត់បានកាន់តែប្រសើរ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក Andrew Loh អគ្គនាយក នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងក្រុមការងាររបស់ពួកគេ បានប្រគល់សម្ភារកីឡាដល់ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅចំពោះមុខនិស្សិតរាប់រយនាក់។

ការឧបត្ថម្ភនាថ្ងៃនោះ ​គឺជាសកម្មភាពបន្ថែមពីលើកិច្ចសហការរបស់ អេ អាយ អេ ខេមបូឌា  ក្នុងការចាប់ដៃគូជាមួយក្លិបបាល់ទាត់បឹងកេត ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា 4សម័យកាល និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់់ចំនួន3ផ្សេងគ្នានៅឆ្នាំនេះ រួមមាន៖ AIA ជើងឯកវិទ្យាល័យ កម្មវិធីប្រកួតបាល់ទាត់កុមារ AIA Children's Day Tournament  និង កម្មវិធីប្រកួតបាល់ទាត់ AIA Corporate Cup ។

ភាពខ្នះខ្នែងរបស់ស្ថាប័នទាំងពីរក្នុងការណែនាំប្រជាជនកម្ពុជាឱ្យលេងបាល់ទាត់កាន់តែច្រើន និងបន្តការគាំទ្របណ្ដុះជើងឯកនាពេលខាងមុខ ដែលត្រូវបានបង្ហាញដោយ អេ អាយ អេ ខេមបូឌា ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រដល់កម្មវិធីបាល់ទាត់វិលជុំ AIA-ISF Youth League ដែលជាលីគមូលដ្ឋានធំជាងគេរបស់ប្រទេស។ កិច្ចសហការរយៈពេល 6ឆ្នាំជាមួយអង្គការផ្កាយសមុទ្រ បានផ្តល់ឱកាសដល់កុមារខ្វះខាតជាង 7,000 នាក់ រស់នៅប្រកបដោយសុខភាពល្អ និងទទួលបានឱកាសជាច្រើនទៀត។

អេ អាយ អេ ខេមបូឌា ក៏សហការជាមួយដៃគូសំខាន់របស់ AIA Group គឺក្លឹប Tottenham Hotspur ដើម្បីអភិវឌ្ឍបាល់ទាត់មូលដ្ឋាន។ អេ អាយ អេ ខេមបូឌា  តែងនាំយកគ្រូអភិវឌ្ឍបាល់ទាត់អន្តរជាតិកំពូលរបស់ Spurs មកផ្តល់ការហ្វឹកហាត់ និងដឹកនាំកម្មវិធីថ្នាក់បណ្តុះបណ្ដាលផ្សេងៗក្នុងការដុសខាត់ជំនាញដល់គ្រូបង្វឹកក្នុងស្រុក និងជំរុញកុមារឱ្យសម្រេចបាននូវសមត្ថភាពលេងបាល់ទាត់កាន់តែខ្លាំងពូកែ ខណៈដែលជួយពួកគេឱ្យស្វែងយល់បន្ថែមអំពីសុខភាព និងភាពមាំទាំនៃរាងកាយ។

ឧទាហរណ៍៖ កម្មវិធី AIA-Spurs បាល់ទាត់សុខភាពកុមារ  ដែលត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ 2018 ផ្តល់ឱ្យកុមារនូវឱកាសហ្វឹកហាត់ជាមួយគ្រូបង្វឹកមកពី Spurs និងបណ្ដុះការរស់នៅឲ្យមានសុខភាពល្អតាមរយៈការលេងបាល់ទាត់។ នៅឆ្នាំនេះ កម្មវិធីនេះគ្រោងធ្វើឡើងនៅថ្ងៃទី 8-9 ខែមេសា នៅមជ្ឈមណ្ឌលកីឡា សេនត្រល់ផាក (Central Park) បឹងកក់។

ក្នុងនាមជាអ្នកគាំទ្រយ៉ាងមុតមាំលើកីឡា  អេ អាយ អេ ខេមបូឌា  គឺជាដៃគូធានារ៉ាប់រងអាយុជីវិត និងសុខភាពផ្លូវការរបស់ស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12 ហើយនឹងលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា តាមរយៈផ្តល់ ដំណោះស្រាយធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីជួយពួកគាត់សម្រេចបាននូវគោលដៅរបស់ខ្លួន។

លោក Andrew Loh មានប្រសាសន៍ថា៖ “យើងសង្ឃឹមថា និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ប្រើប្រាស់សម្ភារកីឡាបាល់ទាត់របស់យើង ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ពួកគេឱ្យកាន់តែប្រសើរ។ យើងក៏ចង់ឱ្យពួកគាត់រីករាយ និងទទួលបានសុខភាពផ្លូវចិត្ត និងរាងកាយកាន់តែប្រសើរ តាមរយៈអត្ថប្រយោជន៍ពីការលេងកីឡា។ ការលេងកីឡានឹងជួយពួកគាត់ឱ្យរៀនកាន់តែពូកែឡើង និងផ្ដល់ឱកាសជាច្រើនដល់ពួកគេនាពេលអនាគត។”

“រាល់សកម្មភាពទំនួលខុសត្រូវសង្គមរបស់យើង ស្របតាមគោលបំណងរបស់យើង ដើម្បីនាំមកនូវសុខភាព និងជីវិតកាន់តែប្រសើរ។ យើងប្តេជ្ញាចិត្តក្នុងការគាំទ្រកីឡាបាល់ទាត់ និងសកម្មភាពដែលជួយឲ្យមានសុខភាពល្អផ្សេងៗទៀត ដោយសារតែកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាឆ្ពោះទៅមុខកាន់តែប្រសើរ ទាំងបុគ្គល និងក្នុងសហគមន៍។”

លោកបានបន្ថែមទៀតថា អេ អាយ ខេមបូឌា នឹងបន្តរៀបចំ និងចូលរួមនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានឹងថ្ងៃនេះ ដែលស្របទៅនឹងយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ AIA Group ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ។ យុទ្ធសាស្ត្រនេះក៏រួមចំណែកដល់គំនិតផ្តួចផ្តើម AIA One Billion ដែលមានបំណងជួយមនុស្ស 1,000,000,000នាក់ នៅអាស៊ីឱ្យរស់នៅកាន់តែមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030។

 

សម្រាប់ព័ត៌មានបន្ថែមអំពី អេ អាយ អេ ខេមបូឌា  ឬស្វែងយល់ពីព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia ។

អំពី អេ​ អាយ​ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ​ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា​ រាល់សកម្មភាព​របស់ អេ អាយ​ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៧ យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ​ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ​ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ  តាមរយៈគំនិតផ្តួចផ្តើម​ រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់​លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។

ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ​ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់

 “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង

រយៈពេលពីរឆ្នាំជាប់គ្នា ២០២០ និង ២០២១។

អេ អាយ​ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ www.aia.com.kh។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com