សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា និងប្រៃសណីយ៍កម្ពុជា ចាប់ដៃគ្នាបង្កើនការប្រើប្រាស់សេវាធានារ៉ាប់រង ក្នុងគោលបំណងជួយប្រជាជនកម្ពុជា ឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ

05 ឧសភា 2023 dot អាន 5 នាទី

ភ្នំពេញ ថ្ងៃទី 5 ខែមេសា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនការប្រើប្រាស់សេវាធានារ៉ាប់រង និងបន្តជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះបានចុះកិច្ចព្រមព្រៀងភាពជាដៃគូផ្តាច់មុខជាមួយ ប្រៃសណីយ៍កម្ពុជា។ 

ដើម្បីអបអរឱកាសដ៏ពិសេសនេះ អតិថិជនរបស់ប្រៃសណីយ៍កម្ពុជា នឹងទទួលបានការធានារ៉ាប់រងចំនួន 500 ដុល្លារ​​ ឥតគិតថ្លៃ លើករណីមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ ការផ្ដល់ជូននេះនឹងមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងតទៅ និងនៅពេលដែលអតិថិជនស្កេន QR កូដ របស់ អេ អាយ​ អេ ខេមបូឌា នៅតាមការិយាល័យប្រៃសណីយ៍កម្ពុជា។

QR កូដ ទាំងនេះនឹងដាក់ឱ្យប្រើប្រាស់ នៅក្នុងអំឡុងខែមេសានេះនៅការិយាល័យកណ្តាលរបស់ប្រៃសណីយ៍កម្ពុជានៅវត្តភ្នំ និងសាខាទូទាំងប្រទេស។

ការផ្តល់ជូននេះគឺចំនុចចាប់ផ្តើមនៃកិច្ចសហការរយៈពេលប្រាំឆ្នាំនេះតែប៉ុណ្ណោះ។ ផលិតផល និងសេវាកម្មជាច្រើនទៀតរបស់ អេ អាយ​ អេ ខេមបូឌា នឹងដាក់ឱ្យប្រើប្រាស់ ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទទួលបានការការពារ ក៏ដូចជាការទទួលបានព័ត៌មានអំពីសេវាទាំងនោះ។

កិច្ចព្រមព្រៀងនេះជួយពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ អេ អាយ​ អេ ខេមបូឌា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីធានារ៉ាប់រង និងជួយសម្រួលដល់ការទទួលបានព័ត៌មាននានាពីផលិតផល និងសេវាកម្មធានារ៉ាប់រង។ ការសហការនេះជួយឱ្យ អេ អាយ​ អេ ខេមបូឌា ពង្រីកវិសាលភាពរបស់ខ្លួនក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកាន់តែច្រើន និងបង្កើនការយល់ដឹងផ្នែកធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ប្រៃសណីយ៍កម្ពុជា ភាពជាដៃគូនេះជាសេវាកម្មបន្ថែមផ្ដល់ជូនអតិថិជន ទាំងអត្ថប្រយោជន៍លើការការពារហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផលរបស់ អេ អាយ​ អេ ខេមបូឌា នៅទីតាំងផ្សេងៗកាន់តែច្រើន។

ក្រៅពីការជំរុញកំណើនសេដ្ឋកិច្ច និងការរួមចំណែកក្នុងការឆ្ពោះទៅរកការអភិវឌ្ឍសង្គម យើងឃើញថា អេ អាយ​ អេ ខេមបូឌា និង ប្រៃសណីយ៍កម្ពុជា មានគោលដៅស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យកាន់តែរីកចម្រើន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ អេ អាយ​ អេ ខេមបូឌា ដោយមានការផ្ដល់កិត្តិយសចូលរួមពី ​ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងលោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ​ អេ ខេមបូឌា ជាមួយនឹងវត្តមានរបស់លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់ របស់AIA Group ថ្នាក់ដឹកនាំជាន់ខ្ពស់មកពី AIA Group  អេ អាយ​ អេ ខេមបូឌា និង ប្រៃសណីយ៍កម្ពុជា ទីប្រឹក្សាផែនការជីវិត និងបុគ្គលិកផងដែរ។

លោក ថេន សំវិសុទ្ធ មានប្រសាសន៍ថា៖ “ប្រៃសណីយ៍កម្ពុជា មានមោទកភាពក្នុងការធ្វើការជាមួយ អេ អាយ​ អេ ខេមបូឌា ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មពី អេ អាយ​ អេ ខេមបូឌា។ ភាពជាដៃគូនេះក៏នឹងអនុញ្ញាតឱ្យប្រៃសណីយ៍កម្ពុជា ពង្រីកសេវាកម្មជូនអតិថិជនរបស់យើងលើសពីការផ្តល់ជូនកន្លងមក។”

លោក Andrew Loh បានមានប្រសាសន៍ថា៖ “ចំពោះ អេ អាយ​ អេ ខេមបូឌា អ្វីគ្រប់យ៉ាងដែលយើងធ្វើ គឺស្របតាមគោលបំណងរបស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវសុខភាព និងជីវិតកាន់តែប្រសើរ។ ខ្ញុំសូមអរគុណដល់ប្រៃសណីយ៍កម្ពុជា ដែលគាំទ្រពួកយើង និងជួយ អេ អាយ​ អេ ខេមបូឌា ផ្តល់អត្ថប្រយោជន៍បន្ថែមដល់អតិថិជន ក៏ដូចជាការបង្ហាញពីអត្ថប្រយោជន៍ជាច្រើននៃធានារ៉ាប់រងក្នុងការទ្រទ្រង់សុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុ។”

“តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងអាចជួយប្រជាជនកម្ពុជាឱ្យឆ្ពោះទៅមុខកាន់តែប្រសើរ ដែលពួកគេអាចមានលទ្ធភាពកាន់តែប្រសើរក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុខុមាលភាពនាពេលអនាគតរបស់ពួកគេ។”

សម្រាប់ព័ត៌មានបន្ថែមអំពី អេ អាយ អេ ខេមបូឌា  ឬស្វែងយល់ពីព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia 

អំពី អេ​ អាយ​ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។ 

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com