ភ្នំពេញ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានសម្ពោធព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដែលជាកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដល់ប្រជាជនទូទាំងប្រទេស និងជំរុញប្រជាជនកម្ពុជាឲ្យកាន់តែច្រើនចូលរួមគាំទ្រយុទ្ធនាការ AIA Fit for Hope របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយនេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក និងលោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេលបីឆ្នាំ។ ក្នុងកម្មវិធីចុះហត្ថលេខានេះយើងឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក សែម ផល្លា នាយកចាត់ការទូទៅនៃគណៈកម្មការ រៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងផងដែរ។
កិច្ចព្រមព្រៀងលើកិច្ចសហការនេះធ្វើឡើងបន្ទាប់ពីពិធីសម្ពោធយុទ្ធនាការលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ AIA Fit for Hope កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។
ចាប់តាំងពីចាប់ផ្តើមយុទ្ធនាការ AIA Fit for Hope ក្នុងឆ្នាំ 20217 មក នេះជាឆ្នាំទី 2 ដែលយុទ្ធនាការនេះ ត្រូវបានសហការ និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងកិច្ចការនារី។
យុទ្ធនាការ AIA Fit for Hope ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ក្នុងការពង្រឹងគោលបំណងរបស់ អេ អាយ អេ ខេមបូឌា ដើម្បីជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយវាក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយដល់ប្រជាជន 1,000,000,000 នាក់នៅអាស៊ីឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។
AIA Pink Run គឺជាព្រឹត្តិការណ៍រត់ប្រណាំងថ្មីដែលមកជំនួសព្រឹត្តិការណ៍ដំណើរពណ៌ផ្កាឈូក “Pink Walk” របស់ អេ អាយ អេ ខេមបូឌា ដែលបានណែនាំតាំងពីឆ្នាំ 2018 ហើយវាក៏ជាផ្នែកមួយរបស់ AIA Fit for Hope ដើម្បីជំរុញការយល់ដឹងអំពីជំងឺមហារីកសុដន់ ដែលជាជំងឺមហារីកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់បំផុតក្នុងពិភពលោក និងជាជំងឺមហារីកដ៏កាចសាហាវបំផុតទីពីរនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ក្នុងឆ្នាំដំបូងនេះក៏ប្រារព្ធឡើងដើម្បីអបអរជោគជ័យភាពជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមនឹងសមិទ្ធផលរបស់អត្តពលិកជម្រើសជាតិដែលសម្រេចបានក្នុងព្រឹត្តិការណ៍កីឡាទាំងពីរនេះផងដែរ។ កម្ពុជាបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្នុងនាមជាម្ចាស់ផ្ទះ និងបានចារកំណត់ត្រាដ៏ល្អបំផុតមិនធ្លាប់មានដោយបានបញ្ចប់ចំណាច់ថ្នាក់លេខ 4 ជាមួយ ចំនួនមេដាយមាសដណ្តើមបានរហូតដល់ទៅ 81 ខណៈដែល ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កម្ពុជាបាន បញ្ចប់នៅចំណាត់ថ្នាក់លេខ 8 ជាមួយមេដាយសរុប សរុប 71។
AIA Pink Run នឹងប្រព្រឹត្តទៅនៅសួនវត្តបទុមវតីនាថ្ងៃទី 22 ខែតុលា ដែលបើកទទួលស្វាគមន៍សាធារណជនគ្រប់វ័យ ជាមួយជម្រើសរត់ចម្ងាយរួមមាន 10គីឡូម៉ែត្រ និង 5គីឡូម៉ែត្រ ឬរត់កម្សាន្ត 2.5គីឡូម៉ែត្រ សម្រាប់គ្រួសារ និងកុមារ។ ពណ៌ឈូកនឹងត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍រត់នេះ ដែលជាពណ៌ផ្លូវការដើម្បីប្រារព្ធខែយល់ដឹងអំពីជំងឺមហារីកសុដន់អន្តរជាតិ។
នាកម្មវិធីចុះហត្ថលេខាអនុស្សរណៈយោគយល់នោះ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានរួមដំណើរជាមួយ អេ អាយ អេ ខេមបូឌា ក្នុងការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឲ្យចេញជារូបរាង។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះ គឺជាចំណុចចាប់ផ្តើមនៃការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកកាន់តែទូលំទូលាយទៅទូទាំងប្រទេស។ ហើយឆ្នាំដំបូងរបស់ AIA Pink Run ពិតជាពិសេស ដោយយើងធ្វើឡើងក៏ដើម្បីអបអរសាទរសមិទ្ធិផលចំពោះជោគជ័យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023។
“ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះបានបញ្ចប់ដោយជោគជ័យដ៏អស្ចារ្យសម្រាប់ព្រះរាជាណាចក្រ។ ក្រៅពីត្រូវបានទទួលស្គាល់សម្រាប់ការរៀបចំព្រឹត្តិការណ៍ និងបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះរបស់យើង កម្ពុជាបានបំបែកកំណត់ត្រាលើចំនួនមេដាយដែលអត្តពលិកកម្ពុជាដណ្តើមបាន ដែលនេះជាសូចនាករជាក់ស្តែងបំផុតនៃសមិទ្ធិផលរបស់យើង ដែលវាបង្ហាញពីលទ្ធផលនៃការប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់របស់ពួកគាត់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត។”
លោក Andrew Loh មានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានជ្រោមជ្រែង ចាប់ដៃជាមួយយើងខ្ញុំ។ ខ្ញុំពិតជាសូមកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងការខ្នះខ្នែង បើកឱកាសឲ្យ អេ អាយ អេ ខេមបូឌា ផ្តល់ជូនប្រជាជនកម្ពុជានូវសុខភាព និងជីវិតកាន់តែប្រសើរ។ នៅពេលយើងអាចបញ្ជូនការយល់ដឹងដល់មនុស្សកាន់តែច្រើន យើងនឹងមានឱកាសកាន់តែខ្ពស់ក្នុងការកាត់បន្ថយករណីជំងឺមហារីកសុដន់ដែលបានរកឃើញជារៀងរាល់ឆ្នាំ។”
លោកក៏បានលើកទឹកចិត្តឲ្យសាធារណជនចូលរួមឲ្យបានច្រើនកុះកររួមគ្នាប្រយុទ្ធនឹងជំងឺដ៏កាចសាហាវមួយនេះ ដែលអ្នកចូលរួមនីមួយៗប្រៀបទៅនឹងកម្លាំងដ៏មហិមាប្រកបដោយប្រសិទ្ធិភាពដើម្បីចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាពិសេសស្ត្រីដែលជាជនងាយរងគ្រោះ។ ។
លោក Andrew Loh បានបន្ថែមទៀតថា “ដូចគ្នាទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជាគ្រប់រូប ខ្ញុំសង្ឃឹមសាធារណជននឹងបន្តបង្ហាញ ការគាំទ្រដូចគ្នាទៅនឹងព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run។
ខ្ញុំក៏សូមជម្រុញទឹកចិត្តសាធារណជនឲ្យគិតថាការចូលរួមព្រឹត្តិការណ៍នេះ គឺជាវិធីបង្ហាញឲ្យអ្នកជំងឺ និងអ្នកជាសះស្បើយពីមហារីកសុដន់ ថាយើងទាំងអស់គ្នានៅក្បែរពួកគាត់ជានិច្ចដើម្បីផ្តល់កម្លាំងចិត្ត និងចូលរួមប្រយុទ្ធជំងឺមហារីកសុដន់ជាមួយពួកគាត់។
ឥឡូវនេះ សាធារណជនគ្រប់រូបអាចចុះឈ្មោះទិញសំបុត្រចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run។ ដើម្បីទិញសំបុត្រ ឬចង់ដឹងព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ Cambodia Amazing Events៖ https://shorturl.at/kvRY8 ឬស្កេនកូដ QR ខាងក្រោម៖
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីយុទ្ធនាការ AIA Fit For Hope សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ អេ អាយ អេ ខេមបូឌា។
សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព របស់ អេ អាយ អេ ខេមបូឌា សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ផ្ញើអ៉ីមែលមកកាន់ kh.marketing@aia.com ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។