ភ្នំពេញ ថ្ងៃទី 30 ខែសីហា ឆ្នាំ 2023 – ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានសម្ពោធយុទ្ធនាការផ្សព្វផ្សាយប្រចាំឆ្នាំ AIA Fit for Hope លើកទី 7 ដែលជាយុទ្ធនាការស្តីអំពីការយល់ដឹង ជំងឺមហារីកសុដន់ ដែលបានក្លាយជាយុទ្ធនាការដ៏ធំគួរឲ្យកត់សម្គាល់ ប្រកបដោយភាពជោគជ័យលើការខិតខំប្រឹងប្រែងក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ដែលជាជំងឺដ៏កាចសាហាវនេះ។
ហើយនេះជាឆ្នាំទី 2 ដែលយុទ្ធនាការមួយនេះទទួលបានការគាំទ្រ និងសហការពីក្រសួងកិច្ចការនារី។ យុទ្ធនាការនេះត្រូវបានស្គាល់ថាជាកិច្ចខិតខំប្រឹងប្រែងរបស់ជាតិក្នុងការកាត់បន្ថយជំងឺមហារីកសុដន់ ហេតុនេះហើយការទទួលស្គាល់ និងការគាំទ្ររបស់ក្រសួងកិច្ចការនារីពិតជាជួយពង្រឹងការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ក្នុងផ្ដល់ព័ត៌មាន លើកកម្ពស់សារៈសំខាន់នៃវិធានការការពារ ក៏ដូចជាចំណេះដឹងដល់ស្ត្រីកម្ពុជា ដើម្បីឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពកាន់តែប្រសើរ។
យុទ្ធនាការនេះធ្វើឡើងមានរយៈពេលមួយខែ ដោយផ្តោតលើគោលដៅសំខាន់ៗចំនួនបី៖ លើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃ និងទិវារត់ប្រណាំង AIA Pink Run ដែលជាព្រឹត្តិការណ៍ថ្មីនៅថ្ងៃទី 22 ខែតុលា ក្រោមកិច្ចសហការជាមួយគណៈកម្មការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងកម្ពុជា ដែលចូលមកជំនួសដំណើរពណ៌ផ្កាឈូក - Pink Walk។
នាទិវារត់ប្រណាំង AIA Pink Run ក៏នឹងមានផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកសុដន់ រយៈពេលបីថ្ងៃនៅសួនច្បារវត្តបទុម។ អេ អាយ អេ ខេមបូឌា ក៏មានគម្រោងបង្កើតសហគមន៍ជំងឺមហារីកសុដន់អនឡាញដែលសាធារណជន អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់អ្នកជំងឺអាចទៅស្វែងរកព័ត៌មាន និងចូលរួមជាមួយសមាជិកដទៃទៀតផងដែរ។
ក្រុមហ៊ុនធានារ៉ាប់រង ក៏នឹងបង្កើតគេហទំព័រដែលផ្តល់ជម្រើសការព្យាបាល ចំណាយ និងតួលេខទាក់ទងផ្សេងៗដែលផ្តល់ នូវទិដ្ឋភាពទូទៅ និងការយល់ដឹងដ៏ទូលំទូលាយអំពីជំងឺនេះ។
យុទ្ធនាការ Fit for Hope ឆ្នាំនេះនឹងមានការផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃ និងវគ្គអប់រំសុខភាពដែលនឹងប្រព្រឹត្តទៅនៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យដៃគូ របស់ អេ អាយ អេ ខេមបូឌា នៅតាមខេត្ត-ក្រុង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការមកទទួលយកសេវានេះ។
គំនិតផ្តួចផ្តើមសំខាន់ៗទាំងនេះនឹងត្រូវដាក់ចេញជារូបរាងតាមរយៈសកម្មភាពផ្សព្វផ្សាយជាច្រើនលើប្រព័ន្ធអនឡាញ និងនៅតាមទីតាំងទិសដៅនានា ដើម្បីផ្តល់ចំណេះដឹង និងការណែនាំគ្រប់ជំហានក្នុងការពិនិត្យស្វែងរកជំងឺមហារីកសុដន់ កាត់បន្ថយ និងព្យាបាលជំងឺមហារីកសុដន់ ដែលជាជំងឺមហារីករីករាលដាលខ្លាំងបំផុតទីពីរនៅក្នុងប្រទេសកម្ពុជា។
គួររំលឹកថាយុទ្ធនាការ Fit for Hope កាលពីឆ្នាំ 2022 ទៅនេះ គឺជាឆ្នាំដែលឃើញមានចំនួនអ្នកចូលរួមពិនិត្យ ស្វែងរកជំងឺមហារីកសុដន់ ច្រើនជាងគេបំផុតក្នុងប្រវត្តិរបស់យុទ្ធនាការនេះ ដែលមានស្រ្តីជាង 3,000 នាក់បានចូលរួមក្នុងការពិនិត្យស្វែងរកជំងឺមហារីកសុដន់ ដែលក្នុងចំណោមនោះគេបានរកឃើញករណីសង្ស័យចំនួន 492ករណី ឬ ស្មើនឹង16% នៃចំនួនសរុបដែលត្រូវបានណែនាំឲ្យមានការពិនិត្យតាមដាន និងព្យាបាលបន្ត។
យុទ្ធនាការ AIA Fit for Hope ប្រព្រឹត្តទៅស្រប នឹងទិវាយល់ដឹងអំពីជំងឺមហារីកសុដន់អន្តរជាតិ ដែលនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីគោលបំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវសុខភាព និងជីវិតកាន់តែប្រសើរ ដែលវាក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយដល់ប្រជាជន 1,000,000,000 នាក់នៅអាស៊ីឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរក្នុងឆ្នាំ 2030។
ពិធីសម្ពោធនេះ យើងឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក សែម ផល្លា អគ្គលេខាធិការ នៃគណៈកម្មាធិការប្រតិបត្តិម៉ារ៉ាតុង លោក Andrew Loh អគ្គនាយកនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក្រុមការងាររបស់ក្រសួងកិច្ចការនារី និង អេ អាយ អេ ទីប្រឹក្សាផែនការជីវិត ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនទៀត។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងថា៖ “យុទ្ធនាការ Fit for Hope បានឆ្លើយតប និងសមស្របទៅនឹងចក្ខុវិស័យនៃកិច្ចសហការរវាងស្ថាប័នរបស់យើងទាំងពីរលើគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា” ដោយផ្នែកមួយនៃគម្រោង គឺផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពី ជំងឺមហារីកសុដន់ ដោយលើកទឹកចិត្តការទៅពិនិត្យដើម្បីស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដើម្បី រកឲ្យឃើញទាន់ពេល ដើម្បីមានភាពងាយស្រួលក្នុងការព្យាបាល និងឱកាសច្រើនក្នុងការជាសះស្បើយ ដើម្បីសង្គ្រោះជីវិត។ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ក៏បានបន្ថែមទៀតថា “តាងនាមឲ្យក្រសួងកិច្ចការនារី ក៏ដូចជារូបនាងខ្ញុំផ្ទាល់ សូមប្រកាសគាំទ្រយុទ្ធនាការ Fit for Hope 2023 ហើយនាងខ្ញុំ ក៏សូមជូនពរឲ្យយុទ្ធនាការដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដូចអ្វីដែលបានរំពឹងទុក។ ហើយខ្ញុំក៏សូមអំពាវនាវដល់សាធារណជន ជាពិសេសស្ត្រី សូមអញ្ជើញទៅពិនិត្យ ស្វែងរកជំងឺមហារីកសុដន់នៅតាមទីតាំង និងកាលបរិច្ចេទដែលបានកំណត់ក្នុងយុទ្ធនាការ Fit for Hope 2023។”
លោក Andrew Loh បានមានប្រសាសន៍ថា៖ “យុទ្ធនាការ AIA Fit for Hope គឺជាយានដ៏សំខាន់ របស់យើងក្នុងការបង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់ និងជួយលើកម្ពស់ស្ត្រីកម្ពុជាឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។ ខណៈពេលដែលយុទ្ធនាការរបស់យើងបានធ្វើដំណើរការផ្សព្វផ្សាយ យ៉ាងទូលំទូលាយក្នុងការផ្ដល់ព័ត៌មានចាប់តាំងពីការចាប់ផ្តើមដំបូងមក យើងជឿជាក់ថាយើងអាចធ្វើបានកាន់តែប្រសើរជាមួយនឹងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយរាជរដ្ឋាភិបាល ដៃគូរបស់យើង និងសាធារណជន។
“អេ អាយ អេ ខេមបូឌា សូមអរគុណចំពោះការគាំទ្រ និងគាំទ្រពីក្រសួងកិច្ចការនារី។ ការគាំទ្រដ៏សំខាន់មួយនេះនឹងអនុញ្ញាតឲ្យយើងជួយដល់ស្ត្រីកាន់តែច្រើន និងផ្តល់ឲ្យពួកគាត់នូវការយល់ដឹងបន្ថែមអំពីកត្តាហានិភ័យ អត្ថប្រយោជន៍នៃការស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដូចជា ការពិនិត្យសុដន់ដោយខ្លួនឯងដើម្បីស្វែងរករោគវិនិច្ឆ័យ និងវិធានការការពារដើម្បីបញ្ចៀស ពួកគាត់ឲ្យជៀសផុតពីជំងឺមហារីក។”
យុទ្ធនាការនេះក៏សូមលើកទឹកចិត្តឲ្យសាធារណជនទាំងអស់ ចូលរួម ពិនិត្យស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃ និងចូលរួមវេទិកាអប់រំសុខភាពនៅតាមទីតាំងមួយចំនួននៅភ្នំពេញនិងនៅតាមមន្ទីរពេទ្យដៃគូ របស់ អេ អាយ អេ ខេមបូឌា ដែលបានកំណត់។
សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការ AIA Fit For Hope សូមចូលទៅកាន់គេហទំព័រ ហ្វេសប៊ុក ផ្លូវការរបស់ អេ អាយ អេ ខេមបូឌា។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh/km/FitForHope ឬចូលទៅកាន់គេហទំព័រ www.facebook. com/AIACambodia។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។